Latest Movie :

កុំទាន់អាលយល់ច្រឡំ ថា Mark Zuckerberg ចង់បង្កើតប៊ូតុង Dislike ឲ្យសោះ! តាមពិតវាជាប៊ូតុង...

អាមេរិក៖ នាពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសដំណឹងថ្មីមួយ ដែលបានធ្វើឲ្យមនុស្ស ជាច្រើនជុំវិញពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងតែ សិក្សានិងត្រៀមដាក់បញ្ចូល នូវប៊ូតុងថ្មីមួយដែល មនុស្សភាគច្រើន យល់ថាវាជាប៊ូតុង Dislike (មិនចូលចិត្ត)។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា លោក Mark Zuckerberg វ័យ៣១ឆ្នាំ ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនហ្វេសប៊ុក បានបង្ហាញខ្លួន នៅក្នុងកម្មវិធីឆ្លើយសំនួរ Q+A ដែលបានធ្វើឡើង នៅឯទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនក្នុងទីក្រុង Menlo Park រដ្ឋ California សហរដ្ឋអាមេរិក និងបានលើកឡើង នូវចំណុចដ៏គួរឲ្យ ចាប់អារម្មណ៍ខ្លាំងមួយ ដោយនោះគឺជា ការបញ្ជាក់ថា ក្រុមហ៊ុនហ្វេសប៊ុក នឹងចាប់ផ្តើម សិក្សានិងត្រៀមដាក់បន្ថែម នូវប៊ូតុងថ្មីមួយទៀត នាពេលឆាប់ៗខាងមុខនេះ តបទៅតាម សំណូមពររបស់មនុស្សជាច្រើន ធ្លាប់បានស្នើសុំ ឲ្យមានការដាក់បញ្ចូល ប៊ូតុង Dislike ចាប់តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។
ក្នុងនោះដែរ លោក Mark Zuckerberg បាននិយាយថា “ពួកយើងចង់បង្កើត ប៊ូតុងថ្មីមួយដែល មិនមានគោលបំណង ឲ្យអ្នកប្រើប្រាស់ ធ្វើការបោះឆ្នោតទម្លាក់ ឬក៏បង្ហាញពី ការមិនពេញចិត្ត ទៅលើការបង្ហោះ រូបភាពឬក៏ Status របស់អ្នកផ្សេងឡើយ តែវាជាប៊ូតុងមួយ សម្រាប់ឲ្យពួកគេ ធ្វើការបង្ហាញអំពី ទឹកចិត្តអាណិតអាសូរ”។
ជាមួយគ្នានេះដែរ គេហទំព័រសារព័ត៌មាន បច្ចេកវិទ្យាដ៏ល្បី TechCrunch បានបញ្ជាក់ដោយយោង ទៅលើការដកស្រង់សម្តី របស់លោក Mark Zuckerberg ដោយបង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុក មិនមានបំណង ក្នុងការបង្កើតប៊ូតុងថ្មី ដើម្បីឲ្យគេហទំព័រមួយនេះ ប្រែក្លាយទៅជាវេទិកា សម្រាប់ឲ្យមនុស្ស បោះឆ្នោតតម្លើង ឬក៏បោះឆ្នោតទម្លាក់ ទៅលើការបង្ហោះ រូបភាព ឬក៏ status របស់អ្នកដទៃនោះទេ តែវាគឺជាប៊ូតុងមួយ ដែលអាចបង្ហាញពី ភាពអាណិតអាសូរ ឬក៏ការចូលរួមរំលែកទុក្ខ ព្រោះថាការបង្ហោះ រូបភាពនិង Status មិនប្រាកដថា សុទ្ធតែជាពេលវេលា រីករាយទាំងអស់ឡើយ ពេលខ្លះក៏មានការ បង្ហោះអំពីសោកនាដកម្មនានា ជុំវិញពិភពលោក ពេលខ្លះក៏មាន ការបង្ហោះអំពីមរណភាព របស់គ្រួសារអ្នកណាម្នាក់ អញ្ចឹងពេលនោះ យើងនឹងអាចមានអារម្មណ៍ថាឆ្គង ឬក៏ទើសទាល់ នៅពេលដែលយើងចុចប៊ូតុង Like ទៅលើការបង្ហោះទាំងនោះ ដូច្នេះហើយទើប ពេលនេះក្រុមហ៊ុន ហ្វេសប៊ុក កំពុងពិចារណាទៅលើ ការដាក់បន្ថែមប៊ូតុងថ្មី ដើម្បីអាចឲ្យមានការ បង្ហាញអំពីអារម្មណ៍សមស្រប ទៅតាមស្ថានភាព។
បើតាមការសន្និដ្ឋាន របស់ទំព័រសារព័ត៌មានដដែល បានឲ្យដឹងទៀតថា ប៊ូតុងថ្មីមួយ ​ដែលនឹងត្រៀមធ្វើការ ដាក់បញ្ចូលក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅពេលឆាប់ៗនេះ មិនប្រាកដថាជា ប៊ូតុង Dislike នោះឡើយ តែវាអាចជា ប៊ូតុង Sorry (សោកស្តាយ) ជំនួសវិញ។ យ៉ាងណាមិញ យើងនឹងរង់ចាំមើលថា តើក្រុមហ៊ុនហ្វេសប៊ុក នឹងដាក់បញ្ចូលប៊ូតុងថ្មីនោះ ឈ្មោះថាអ្វីដែរ៕

លោក Mark Zuckerberg នាយកប្រតិបត្តិ នៃក្រុមហ៊ុនហ្វេសប៊ុក
Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V