
ទាំងចម្ងល់រួមនឹងភាពភ្ញាក់ផ្អើល ដែលលើកឡើងថា វេលារំលងច្រើនទសវត្សរ៍ពុំធ្លាប់បានឮពីការប្រគំតន្រ្តីនាំសិល្បករ សិល្បការិនីពីកម្ពុជាទៅប្រគំតន្រ្តីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិនៅលើទឹកដីកម្ពុជាកក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមនោះឡើយ។ មជ្ឈដ្ឋានមហាជនក៏បាននាំគ្នាជជែកសួរគ្នាទៀតថា៖ «តើការផ្សព្វផ្សាយនោះ វាជាការពិតទេ ឬមួយក៏មានអ្នកខិលខូចណាប្រឌិតរូបភាពឲ្យចេះតែមានការចាប់អារម្មណ៍ទេ? បើមានការនាំសិល្បករ និងសិល្បការិនីពីកម្ពុជាទៅលេងទីនោះមែន តើអ្នកណាជាអ្នកធានា? ហើយការរត់ការឯកសារផ្សេងៗយ៉ាងណាដែរ?»។ ពួកគេ បានបន្ដទៀតថា៖ «វាដូចជាមិនងាយទេ សម្រាប់ការប្រគំតន្រ្តីនាំសិល្បករ សិល្បការិនីពីខ្មែរទៅនោះ។ មិនងាយដូចអ្នកនៅខាងនោះចូលមកយើងទេ»។ ទោះជាយ៉ាងណា កាលពីម្សិលមិញ ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងសុំការបញ្ជាក់ពីកំពូលតារាចម្រៀងល្បីៗពីរដួង គឺអ្នកនាង ម៉េង កែវពេជ្ជតា និងលោក ព្រាប សុវត្ថិ បានទេ ខណៈទូរស័ព្ទរបស់ពួកគេមិនមានអ្នកទទួល។ ប៉ុន្តែតារាសម្តែង និងតន្រ្តីករ សក់កន្ទ្រើង ដែលមានរូបថត ផុសលើផ្ទាំងផ្សព្វផ្សាយនោះ លោក វី ជីវ័ន្ត អះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វាជាការពិត មិនមែនជាការប្រឌិត ឬក៏គេចេះតែធ្វើផ្សព្វផ្សាយទេចំពោះវត្តមានអ្នកល្បីៗលើទឹកដីកម្ពុជាក្រោមនោះ»។ Content image - Phnom Penh Post រូបភាពតារាចម្រៀងល្បីៗទៅសម្ដែងនៅកម្ពុជាក្រោម។ រូប សហការី តន្រ្តីករ សក់ធំ ដែលទើបបែកធ្លាយការងារក្នុងក្របខ័ណ្ឌរដ្ឋនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយពីធ្វើខួបកំណើតចម្រើនវ័យ ៣៥ ឆ្នាំ រូបនេះ បានប្រាប់បន្តថា ទាំងរូបលោក និងតារាចម្រៀងល្បីៗមានក្នុងផ្ទាំងផ្សព្វផ្សាយនោះសុទ្ធតែទទួលបានការអញ្ជើញ និងចុះកុងត្រាទៅច្រៀងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទឹកដីកម្ពុជាក្រោមពីរយប់ថ្ងៃទី ១៤ និង ១៥ ចំថ្ងៃបុណ្យចូលឆ្នាំ»។ លោក វី ជីវ័ន្ត បានបញ្ជាក់ថា៖ «ក្រុមសិល្បករ សិល្បការិនីទាំងអស់នឹងចេញដំណើរទៅកម្ពុជាក្រោមនៅប្រទេសវៀតណាមថ្ងៃទី ១៣ ខែមេសា នេះហើយ ហើយពួកគេនឹងវិលត្រឡប់មកវិញក្រោយពីច្រៀងរាំកម្សាន្តចែកជូនបងប្អូនខ្មែរកម្ពុជាក្រោមសប្បាយនារាត្រីថ្ងៃទី ១៤ និងថ្ងៃទី ១៥»។ បន្ថែមពីនេះ លោក តាំ ជាអ្នករៀបចំឲ្យមានការប្រគំតន្រ្តីនាំសិល្បករល្បីៗទៅច្រៀងកម្សាន្តអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅកម្ពុជាក្រោមនោះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ឲ្យដឹងថា៖ «បើនិយាយពីរឿងរត់ច្បាប់នាំក្រុមសិល្បៈទៅសម្តែងទីនោះ ពិតមិនខុសនឹងអ្នកឆ្ងល់ទេ។ វាពិបាក ហើយបើយើងអ៊ីចឹងក៏ទំនងរត់មិនបានទេ។ ប៉ុន្តែការរៀបចំរបស់ខ្ញុំបានការគាំទ្រពីសេដ្ឋីម្នាក់នៅវៀតណាម។ គាត់នោះក៏មានក្រុមតន្រ្តីដែរ ក៏ទទួលការសហការគ្នា ផ្តើមឲ្យមានការប្រគំតន្រ្តី ដែលមុននេះកម្រមានលើទឹកដីកម្ពុជាក្រោម ពីវត្តមានតារាចម្រៀងខ្មែរល្បីៗ»។ លោក តាំ បង្ហើបថា លោកក៏ជាខ្មែរកម្ពុជាក្រោម មកធ្វើការនៅកម្ពុជាម្នាក់ឯង ដែលបងប្អូន ឪពុកម្តាយ នៅរស់នៅកម្ពុជាក្រោមផងដែរ។លោកបានប្រាប់ឲ្យដឹងថា៖ «ការនាំសិល្បករល្បីៗទៅសម្តែងនៅកម្ពុជាក្រោមនេះ ជាការសម្តែងនៅស្រុកកំណើតលោកនៃខេត្តត្រាវីញ ដែលរៀបចំសម្តែងនៅយប់ថ្ងៃទី ១៤ និង ១៥ ខែមេសា ចំថ្ងៃចូលឆ្នាំខ្មែរតែម្តង ដើម្បីឲ្យបងប្អូននៅទីនោះពួកគាត់បានឃើញវត្តមានតារាចម្រៀងល្បីៗយើងផ្ទាល់ ដែលកន្លងមកគាត់ឃើញតែតាមការសម្តែងផ្សេងៗនោះ»។ យ៉ាងណា លោកបានបង្ហើបឲ្យដឹងពីការលំបាកសម្រាប់ការបង្កើតឲ្យមានការប្រគំតន្រ្តីនាំសិល្បករល្បីៗទៅសម្តែងនៅទីនោះថា៖ «ស្រួលមែនបានសេដ្ឋីវៀតណាម គាត់ចេញលុយ និងចេញមុខជួយរៀបចំទាំងអស់។ ប៉ុន្តែការហៅសិល្បករល្បីៗទៅនោះ មិនងាយទេ។ ពួកគាត់ខ្លាចមិនហ៊ានទៅសម្តែងទេ ដូចបង ព្រាប សុវត្ថិ គាត់បារម្ភសុវត្ថិភាព ដោយគាត់បានសួរខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត។ ប៉ុន្តែបានលោក រ៉េត ធីឌូណា និងបងស្រី ម៉េង កែវពេជ្ជតា គាត់ប្រាប់ទៅថា គាត់ធ្លាប់ទៅសម្តែងពីរបីដងមិនអីទេ។ ទើបគាត់ហ៊ានទទួលការអញ្ជើញទៅសម្តែងកម្មវិធីខ្ញុំ»។ លោកថា៖ «គ្រប់បទចម្រៀងត្រូវបកជាភាសាវៀតណាម ឲ្យអាជ្ញាធរពិនិត្យ និងហាមដាច់ខាតក្រៅពីបទឆ្លងឆ្លើយចង្វាក់ប្រជាប្រិយដែលប៉ះពាល់នយោបាយ បទខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល»៕
Post a Comment