កំពត៖ កូនប្រុសថៅកែអេតចាយ យីហោចិនខ្មៅ ព្រោះតែបែកថ្នាំ ឈ្លោះប្រកែកបន្តិចបន្តួចជាមួយប្រពន្ធ ដាច់ចិត្តយកកាំភ្លើង K54 បាញ់ទៅលើប្រពន្ធខ្លួនឯង ចំ១គ្រាប់ ចំពីក្រោយ ធ្លាយទៅមុខ រងរបួសធ្ងន់ ធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោ ពីសំណាក់ពលរដ្ឋ នៅវេលា១២ថ្ងៃត្រង់ ទី២២ ខែសីហា ឆ្នាំ២០១៥។ ប្រភពបឋម បានឲ្យដឹងថា ជនដៃដល់ដែលបាញ់ប្រពន្ធខ្លួនឯងឈ្មោះ លេង សំណាង អាយុ២៧ឆ្នាំ លក់តែគុជ រីឯប្រពន្ធជាជនរងគ្រោះឈ្មោះ លឹម ស៊ីវលី អាយុ២៨ឆ្នាំ ប្តីប្រពន្ធរស់នៅក្នុង ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត។ សមត្ថកិច្ច បានឲ្យដឹងដែរថា ជនដៃដល់បានបាញ់ចំនួន ២គ្រាប់ ១គ្រាប់បាញ់ចំប្រពន្ធខ្លួនឯង ពីក្រោយបោះដៃផុត ធ្លាយមកមុខក្រោម ដោះខាងឆ្វេង និង១គ្រាប់ទៀត បាញ់នៅខាងក្រៅផ្ទះ។ សមត្ថកិច្ចបន្តថា ជនដៃដល់ក្រោយពីផ្ទុះអាវុធចំនួន ០២គ្រាប់រួចហើយ ក៏បន្តដំណើរ ឆ្ពោះទៅប៉ុនប៉ង បាញ់យកជីវិតអ្នកជិតខាង ម្នាក់ទៀត ប៉ុន្តែត្រូវកាំភ្លើង អាស្តង់បាញ់មិនផ្ទុះ ហើយត្រឡប់មកចូលផ្ទះវិញ ខណៈនោះកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល ដឹកនាំដោយ លោកព្រះរាជអាជ្ញារង ខាន់ សុផល ចុះទៅដល់ធ្វើការឃាត់ខ្លួនជនដៃដល់បានតែម្តង រួមនឹងវត្ថុតាងផង នាំយកទៅសាកសួរ នៅឯទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្ត ដើម្បើចាត់ការតាមផ្លូវច្បាប់។ ប្រពន្ធជនដៃដល់ រងរបួសធ្ងន់ ក្រោយបាញ់ប្រហារពីប្តីរួចហើយ ត្រូវបានក្រុមគ្រួសារដឹកនាំ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារ របួសធ្ងន់ពេក ក៏ដឹកនាំបន្តទៅសង្គ្រោះបន្ទាន់ នៅប្រទេសវៀតណាមបន្តទៀត៕
Post a Comment